សម្រស់៖ ការមានរូបរាងធាត់ និងសាច់ទ្រលុកទ្រលន់ពេក មិនថាតែសាច់ត្រង់ចង្កេះ ក្បាលពោះយារធ្លាក់ កំភួនជើង ដើមដៃ ឬផ្នែកណាមួយនៃរាងកាយ មិនត្រឹមតែធ្វើឱ្យរូបរាងទាំងមូលមិនស្អាតទេ តែអាចធ្វើឱ្យអ្នកប្រឈមមុខនឹងការកើតជំងឺផ្សេងៗជាច្រើនមុខបានផងដែរ ជាពិសេសគឺជំងឺទឹកនោមផ្អែមប្រភេទទី២ ជំងឺបេះដូង និងជំងឺមហារីកកាចសាហាវទៀតផង។ ដូច្នេះហើយបានជាមនុស្សជាច្រើន ជាពិសេសសុភាពនារីៗតែម្តងតែងតែរិះរកវិធីសាស្រ្តសម្រកទម្ងន់ទាំងការទទួលទានថ្នាំ ភេសជ្ជៈនានា និងការហាត់ប្រាណជាដើម។ តែពេលនេះងាយៗណាស់គ្រាន់តែទទួលទានទឹកតែ ទាំង៣មុខនេះក៏អាចធ្វើឱ្យអ្នកស្រកទម្ងន់បានយ៉ាងមានប្រសិទ្ធភាពផងដែរ។
ដូច្នេះមកតាមដានវិធីធ្វើបែបងាយៗ និងគុណសម្បត្តិជាច្រើនរបស់តែទាំង ៣មុខនេះទាំងអស់គ្នា៖
១. តែខ្ញី
តែខ្ញីមិនត្រឹមតែធ្វើឱ្យអ្នកមានអារម្មណ៍ថាឆ្អែតនោះទេ តែអាចជួយសម្រួលប្រព័ន្ធរំលាយអាហារឱ្យដំណើរការល្អ ថែមទាំងអាចកាត់ជាតិខ្លាញ់ និងកាឡូរីមិនល្អ ដែលជាហេតុធ្វើឱ្យអ្នកស្រកទម្ងន់បានថែមទៀតផង។
របៀបធ្វើតែខ្ញី៖ ងាយៗដោយគ្រាន់តែយកខ្ញីមួយមើម ចិតសម្បកចេញលាងទឹកឱ្យស្អាត រួចហាន់ជាបន្ទះ ដាំជាមួយទឹក ១ពែងឱ្យពុះរយៈពេល ១០នាទីជាការស្រេច។ អ្នកក៏អាចបន្ថែមទឹកក្រូចឆ្មារកន្លះស្លាបព្រាទៀតក៏បានដែរ។ គួរតែទទួលទានតែនេះទាំងនេះក្តៅឧណ្ហៗយឺតៗ យ៉ាងហោចណាស់ឱ្យបាន ២ ទៅ ៣កែវជារៀងរាល់ថ្ងៃ។

២. តែអ៊ូឡុង ( Oolong Tea)
តែអ៊ូឡុងត្រូវបានគេពេញនិយមនៅបណ្តាប្រទេសជាច្រើន ចំពោះបញ្ហាសុខភាពជាពិសេសគឺសម្រាប់ការសម្រកទម្ងន់តែម្តង។ តែអ៊ូឡុងមានសារធាតុម្យ៉ាងដែលអាចជួយបំប្លែង និងកាត់ជាតិខ្លាញ់បានយ៉ាងល្អ ជាពិសេសជួយកាត់បន្ថយកម្រិតកូឡេស្តឺរ៉លនិងខ្លាញ់ដែលកកកុញក្នុងរាងកាយ ថែមទាំងជួយបង្កើនសមត្ថភាពរំលាយអាហារថែមទៀតផង។ ម្យ៉ាងវិញទៀត ការសិក្សាស្រាវជ្រាវបានបង្ហាញថា តែអ៊ូឡុងអាចជំនួយសុខភាព ការពារ និងព្យាបាលដល់អ្នកដែលកើតជំងឺទឹកនោមផ្អែម និងជំងឺបេះដូងបានផងដែរ។
របៀបធ្វើតែអ៊ូឡុង៖
- ដាំទឹក ១ពែង ឱ្យពុះរួចទុកចោល ២នាទី សឹមផ្ទេរចាក់ដាក់កែវ ឬពែងមួយទៀត។ រួចបង់ស្លឹកតែអ៊ូឡុងប្រមាណ ១ ទៅ ២ស្លាបព្រាកាហ្វេ ដែលតែអ៊ូឡុងនេះ អ្នកអាចរកទិញបានដោយងាយនៅបណ្តាផ្សារ ឬផ្សារទំនើបនានា។
- បន្ទាប់មកទុកឱ្យវាចូលជាតិជាមួយទឹកនេះ ១ ទៅ៥នាទី បន្ទាប់មកអ្នកអាចទទួលទានតែនេះបានហើយ។ គួរតែទទួលទានឱ្យបាន ២ ទៅ ៣កែវជារៀងរាល់ថ្ងៃ។

៣. តែបៃតង
អ្នកណាៗក៏ទទួលស្គាល់ពីគុណប្រយោជន៍សំខាន់ក្នុងការសម្រកទម្ងន់របស់តែបែតងដែរ។ សារធាតុសំខាន់ៗរបស់តែបៃតង អាចជួយដល់ប្រព័ន្ធរំលាយអាហារដែលអាចមានលទ្ធភាពកាត់ជាតិខ្លាញ់ ដុតបំផ្លាញការឡូរីមិនល្អ និងធ្វើឱ្យអ្នកស្រកទម្ងន់បានផងដែរ។ នៅក្នុងនោះដែរ តែបៃតងថែមទាំងមានសារធាតុប្រឆាំងអុកស៊ីតកម្មការពារអ្នកពីជំងឺផ្សេងៗ ជួយបន្សាបនិងបណ្តេញជាតិពុលចេញពីក្នុងខ្លួនបានយ៉ាងល្អ។
របៀបធ្វើតែបៃតង៖
- ដាំទឹកក្តៅមួយពែង រួចដាក់ស្លឹកតែបៃតង ១ ទៅ ២ស្លាបព្រាចូល ឬដាក់តែកញ្ចប់ស្រាប់ក៏បាន។ ទុកឱ្យវាបញ្ចេញជាតិតែ ២ទៅ ៣នាទី
- បន្ទាប់មកអ្នកអាចទទួលទានតែនេះទាំងនេះក្តៅឧណ្ហៗ ឬបន្ថែមទឹកឃ្មុំបន្តិចបង្កើនរសជាតិក៏បានដែរ។
- គួរតែទទួលទានទឹកតែបៃតងនេះឱ្យបាន ២ ទៅ៣ពែងជារៀងរាល់ថ្ងៃឱ្យបានទៀងទាត់។
វិធីធ្វើតែទាំង ៣ មុខខាងលើនេះអ្នកអាចជ្រើសយកមួយមុខណាមកអនុវត្តក៏បានដែរ ដោយវាមិនត្រឹមតែជយយសម្រកទម្ងន់បានយ៉ាងមានប្រសិទ្ធភាពប៉ុណ្ណោះទេ តែថែមទាំងជំនួយដល់ដំណើរការប្រព័ន្ធរំលាយអាហារ បង្កើនថាមពេលក្នុងរាងកាយ ការពារជំងឺរលាក សន្លាក់ឆ្អឹង ពុកធ្មេញ និងជំងឺមហារីកបានផងដែរ។
កុំភ្លេចអនុវត្តទាំងអស់គ្នា តែ! កុំភ្លេចហាត់ប្រាណបន្ថែមផងណា៕
0 comments:
Post a Comment