ហ្វីលីពីន ៖ ប្រធានាធិបតីហ្វីលីពីនលោក Rodrigo Duterte ដែលកំពុងប្រឈមនឹងការរិះគន់ពីអន្តរជាតិចំពោះសង្គ្រាមបង្ហូរឈាមរបស់គាត់លើគ្រឿងញៀនបាននិយាយថា ប្រទេសរបស់គាត់មានឆន្ទៈរៀបចំ “កិច្ចប្រជុំកំពូលពិភពលោក” ដើម្បីដោះស្រាយពីរបៀបដែលប្រជាជាតិណាមួយអាចការពារសិទ្ធិមនុស្សបាន។
ថ្លែងនៅក្នុងសន្និសីទកាសែតមួយកាលពីថ្ងៃព្រហស្បតិ៍នៅប្រទេសវៀតណាមក្នុងកិច្ចប្រជុំកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ចអាស៊ី-ប៉ាស៊ីហ្វិក, មេដឹកនាំនិយាយមិនសំចៃមាត់រូបនេះបានលើកឡើងថា កិច្ចប្រជុំកំពូលគួរតែផ្តោតលើការរំលោភសិទ្ធិមនុស្សមិនគ្រាន់តែនៅក្នុងប្រទេសហ្វីលីពីនប៉ុណ្ណោះទេប៉ុន្តែទាំងនៅទូទាំងពិភពលោកផងដែរ។
បណ្តាប្រទេសលោកខាងលិចមួយចំនួននិងក្រុមសិទ្ធិមនុស្សបានរិះគន់យ៉ាងខ្លាំងចំពោះយុទ្ធនាការប្រឆាំងគ្រឿងញៀនរបស់លោក Duterte ដែលបានសម្លាប់អ្នកសង្ស័យប្រើប្រាស់គ្រឿងញៀននិងអ្នកជួញដូរថ្នាំញៀនជាង៣,៩០០នាក់នៅក្នុងអ្វីដែលប៉ូលិសហៅថាជា ការការពារខ្លួនបន្ទាប់ពីជនសង្ស័យប្រដាប់អាវុធបានប្រឆាំងនឹងការចាប់ខ្លួន។
ក្រុមអ្នករិះគន់បានជំទាស់ចំពោះការលើកឡើងនេះដោយនិយាយថា ការប្រហារជីវិតកំពុងប្រព្រឹត្តទៅដោយគ្មានការទទួលខុសត្រូវហើយការចោទប្រកាន់នេះត្រូវបានប៉ូលិសបដិសេធ។
លោក Duterte បាននិយាយបន្ទាប់ពីបានជួបជាមួយសហគមន៍ហ្វីលីពីនក្នុងប្រទេសវៀតណាមដែលជាកន្លែងគាត់បន្តការវាយប្រហារជាថ្មីលើអ្នកជំនាញសិទិ្ធមនុស្សរបស់អង្គការសហប្រជាជាតិ Agnes Callamard ថា “សូមឲ្យយើងមានកិច្ចប្រជុំកំពូលមួយអំពីរបៀបដែលយើងអាចការពារសិទ្ធិមនុស្សសម្រាប់មនុស្សគ្រប់រូប”។
លោកបាននិយាយថា ជនរងគ្រោះទាំងអស់នៃការរំលោភបំពានសិទ្ធិមនុស្សត្រូវបានស្វាគមន៍ឲ្យចូលរួមកិច្ចប្រជុំកំពូលនេះនិងបង្ហាញពីការមិនសប្បាយចិត្តរបស់ពួកគេ។
លោក Duterte បានរំលឹកឡើងវិញពីការគំរាមកំហែងរបស់គាត់ចំពោះលោកស្រី Callamard ប្រសិនបើនាងស៊ើបអង្កេតគាត់ចំពោះការកើនឡើងនៃចំនួនអ្នកស្លាប់នៅក្នុងសង្គ្រាមលើគ្រឿងញៀនរបស់គាត់ហើយនឹងសួរនាងថា ហេតុអ្វីបានជានាងមិនធ្វើអត្ថាធិប្បាយលើជនរងគ្រោះពីការបំផ្ទុះគ្រាប់បែកនិងអំពើហិង្សានៅតំបន់មជ្ឈឹមបូព៌ា។
ស្របពេលជាមួយគ្នានោះ លោក Duterte ក៏បានគំរាមកំហែងហាមឃាត់សមាជិកសភាអាមេរិកពីររូបពីការចូលមកទីក្រុងម៉ានីលផងដែរបន្ទាប់ពីពួកគេបានរិះគន់ប្រធានាធិបតីអាមេរិកលោក Donald Trump អំពីការអញ្ជើញគាត់ឲ្យទៅធ្វើទស្សនកិច្ចនៅសហរដ្ឋអាមេរិក៕
0 comments:
Post a Comment