loading...
Home » » ប្រធានសភា​កាតា​ឡាន​ត្រូវ​ឃុំខ្លួន​ពីបទ​ជំរុញ​រក​ឯករាជ្យ​ពី​អេ​ស្ប៉ា​ញ
​អេ​ស្ប៉ា​ញ ៖ អ្នកនាំពាក្យ​តុលាការ​បាន​និយាយថា ប្រធានសភា​កាតា​ឡាន​ដែល​ត្រូវ​ទម្លាក់​តំណែង​គឺ​ត្រូវបាន​ឃុំខ្លួន​កាលពី​ថ្ងៃ​ព្រហស្បតិ៍​ពីបទ​ជំរុញ​រក​ឯករាជ្យ​ពី​ប្រទេស​អេ​ស្ប៉ា​ញ​ដោយ​រង់ចាំ​ការបង់ប្រាក់​ធានា​នៅក្រៅ​ឃុំ​ចំនួន​១៥០,០០០​អឺរ៉ូ​។​
​លោកស្រី Carme Forcadell និង​សមាជិក​ចំនួន​៥​រូប​ផ្សេងទៀត​បានបង្ហាញ​ខ្លួន​នៅ​ចំពោះមុខ​សាលាក្តី​កំពូល​របស់​ប្រទេស​អេ​ស្ប៉ា​ញ​ពីបទ​នាំ​ការបះបោរ ប្រឆាំង​និង​ការប្រើប្រាស់​មូលនិធិ​សាធារណៈ​មិន​ត្រឹមត្រូវ​ដើម្បី​ជួយ​ដល់​ការប៉ុនប៉ង​បំបែក​ខ្លួន​របស់​សភា​កាតា​ឡាន​។ ទោស​នេះ​ត្រូវ​ជាប់ពន្ធនាគារ​ច្រើន​បំផុត​រហូតដល់​ទៅ​៣០​ឆ្នាំ​។​
​ពួកគេ​ត្រូវបាន​គេ​សង្ស័យថា​បានធ្វើ​តាម “​យុទ្ធសាស្ត្រ​រួមគ្នា​ដើម្បី​ប្រកាស​ឯករាជ្យ​” មុនពេល​ការប្រកាស​ជា​ផ្លូវការ​នៅ​ថ្ងៃទី​២៧​ខែតុលា​ដែល​ធ្វើ​ឲ្យ​មាន​វិបត្តិ​នយោបាយ​ដ៏​ធ្ងន់ធ្ងរ​បំផុត​របស់​ប្រទេស​អេ​ស្ប៉ា​ញ​នៅក្នុង​រយៈពេល​ជាច្រើន​ទសវត្ស​ចុងក្រោយ​នេះ​។​
​ការប្រកាស​នោះ​ត្រូវបាន​ទុកជា​មោ​ឃៈ​កាលពី​ថ្ងៃ​ពុធ​ដោយ​តុលាការ​ធម្មនុញ្ញ​របស់​អេ​ស្ប៉ា​ញ​។​
​ចៅក្រម​តុលាការ​កំពូល​លោក Pablo Llarena បាន​បញ្ជា​ឲ្យ​ដោះលែង​សមាជិកសភា​កាតា​ឡាន​ម្នាក់​ប៉ុន្តែ​បួន​នាក់​ផ្សេងទៀត​ក្រៅពី Forcadell ត្រូវ​បង់ប្រាក់​ចំនួន​២៥,០០០​អឺរ៉ូ​ក្នុង​សប្តាហ៍​នេះ​ដើម្បី​គេច​ពី​ការជាប់​ពន្ធនាគារ​។​
​កាលពី​ថ្ងៃ​ពុធ កូដកម្ម​មួយ​ដែល​ត្រូវបាន​អំពាវនាវ​នៅ​កាតា​ឡាន​ដោយ​សហភាព​គាំទ្រ​ឯករាជ្យ​បាន​បង្ក​ឲ្យ​មាន​ភាពវឹកវរ​ចលាចល​ដល់​ការធ្វើដំណើរ កាត់ផ្តាច់​ផ្លូវ​ហាយវ៉េ​ដ៏​សំខាន់​របស់​អេ​ស្ប៉ា​ញ​ទៅកាន់​ប្រទេស​បារាំង​និង​អឺរ៉ុប​ហើយ​រំខាន​រថភ្លើង​ពី​ទីក្រុង​បា​សេ​ឡូ​ណា​ទៅ​ទីក្រុង​ប៉ារីស ម៉ា​សី​និង​លី​យ៉ុង​។​អាជ្ញាធរ​បាន​និយាយថា មនុស្ស​ប្រហែល​១៥០,០០០​នាក់​ត្រូវបាន​រង​ផលប៉ះពាល់​។​
​ដោយមាន​ការជំរុញ​ពី​បុគ្គល​ឈានមុខ​លោក Carles Puigdemont, មេដឹកនាំ​កាតា​ឡាន​បាន​បោះឆ្នោត​ប្រកាស​ឯករាជ្យ​ភាពជា​ឯកតោភាគី​ពី​ប្រទេស​អេ​ស្ប៉ា​ញ​បន្ទាប់ពី​ការធ្វើប្រជាមតិ​មួយ​ដែល​ត្រូវបាន​ហាមឃាត់​កាលពី​ថ្ងៃទី​១​ខែតុលា​។​
​ជាការ​ឆ្លើយតប រដ្ឋាភិបាល​របស់លោក​នាយករដ្ឋមន្ត្រី Mariano Rajoy បាន​ដកហូត​សិទ្ធិ​ស្វ័យ​កាតា​ឡាន រំលាយ​រដ្ឋសភា​និង​រដ្ឋាភិបាល​របស់ខ្លួន​ហើយ​បានរៀបចំ​ការបោះឆ្នោត​ថ្នាក់​តំបន់​ថ្មី​នៅ​ថ្ងៃទី​២១​ខែធ្នូ​៕

Share this video :

0 comments:

Post a Comment

 
Copyright © 2017. Khmer24 - All Rights Reserved

Proudly powered by Blogger