សុខភាព៖ ជាការពិតណាស់ នៅក្នុងពេលបច្ចុប្បន្នឧស្សាហកម្មចំណីអាហារ ភោជនីយដ្ឋានបានរីករាលដាលជាច្រើនមុខ និងច្រើនកន្លែង តាមរយៈការផ្សាយពាណិជ្ជកម្មផ្សេងៗពីគុណប្រយោជន៍ អាហារបំប៉ន និងរសជាតិឈ្ងុយឆ្ងាញ់របស់ពួកគេដោយមានមនុស្សជាច្រើនគាំទ្រទទួលទានផងដែរ។ ផ្ទុយទៅវិញ តាមការស្រាវជ្រាវបានបង្ហាញថា ចំណីអាហារមួយចំនួនបែរជាធ្វើឱ្យប៉ះពាល់ដល់សុខភាព និងគ្មានអាហារូបត្ថម្ភចិញ្ចឹមរាងកាយទៅវិញ។
ដូច្នេះថ្ងៃនេះខ្មែរឡូតនឹងលើកយកចំណីអាហារដ៏ពេញនិយមទាំង ១០ ដែលគ្មានប្រយោជន៍ ហើយថែមទាំងអាចប៉ះពាល់ដល់សុខភាពផងដែរ មកជម្រាបមិត្តអ្នកអានដូចតទៅ៖
១០. ទឹកផ្លែឈើវេចខ្ចប់
ទឹកផ្លែឈើកំប៉ុង ឬវេចខ្ចប់ដែលគេដាក់លើនៅលើទីផ្សារទោះជាវាមានរសជាតិឈ្ងុយឆ្ងាញ់ តែវាបែរជាផ្សំទៅដោយជាតិគីមីបន្ថែមដូចជា រសជាតិ ពណ៌ស្រស់ស្អាត ដែលធ្វើឱ្យទឹកផ្លែឈើទាំងត្រូវបានគេពេញនិយមទទួលទានបែបនេះ។ មិនតែប៉ុណ្ណោះវាថែមទាំងសម្បូរទៅដោយជាតិស្ករដ៏ច្រើនលើសលប់ផងដែរ។ មានតែការធ្វើទឹកផ្លែឈើស្រស់ៗ ឬក្រឡុកដោយខ្លួនឯងទេ ទើបល្អចំពោះសុខភាព។

៩. នំស្រួយបន្ទះធ្វើពីសណ្តែក ឬផ្លែឈើ (Granola bars)
បើទោះជានំស្រួយៗធ្វើអំពីផ្លែឈើ ឬសណ្តែកធញ្ញជាតិដែលសម្បូរទៅដោយជាតិកាកសសៃ ឬមានសារធាតុសំខាន់ៗល្អក៏ដោយ តែនៅពេលដែលយកមកផលិតជានំបែបនេះ វាបែរជាសម្បូរទៅដោយជាតិស្ករដ៏ច្រើនលើសលប់ ថែមទាំងមិនសូវមានអាហាររូបត្ថម្ភចិញ្ចឹមរាងកាយទៅវិញ។ យកល្អអ្នកគួរតែទទួលទានចំណីអាហារស្រស់ៗសម្រាប់សុខភាពជំនួសវិញដូចជា ផ្លែប៉ោម ឬគ្រាប់ធញ្ញជាតិផ្សេងៗដូចជាផ្លែអាល់ម៉ុនជាដើម។

៨. សណ្តែកកំប៉ុង
គ្រាប់សណ្តែកសម្បូរទៅដោយជាតិកាកសសៃខ្ពស់ និងមានជាតិប្រូតេអ៊ីនយ៉ាងច្រើនលើសលប់ល្អសម្រាប់សុខភាព។ ប៉ុន្តែមានតែការទទួលទានស្រស់ៗទេទើបមានផលល្អចំពោះសុខភាព។ ការទទួលទានសណ្តែកកំប៉ុងដែលដាក់លក់ក្នុងទីផ្សារមិនមានសារធាតុសំខាន់ៗល្អសម្រាប់រាងកាយនោះទេ ផ្ទុយទៅវិញវាបែរជាមានលាយទៅដោយ ជាតិស្ករ សូដ្យូម និងគ្រឿងផ្សំផ្សេងៗជាច្រើនទៀតជាមួយគ្រាប់សណ្តែកដែលអាចធ្វើឱ្យមានផលប៉ះពាល់ដល់សុខភាពសម្រាប់អ្នកទទួលទាន ទៅវិញ។

៧. នំកងស្រួយធ្វើពីម្សៅ (Pretzels)
អាហារសម្រេន់មួយប្រភេទនេះត្រូវបានគេពេញនិយមជាច្រើននៅលើពិភពលោកថាជានំស្រួយដែលមានជាតិខ្លាញ់ទាប។ តែវាបែរជាសម្បូរទៅដោយជាតិសូដ្យូម ថែមទាំងមិនសូវមានអាហារូបត្ថម្ភ និងជាតិប្រូតេអ៊ីនចិញ្ចឹមរាងកាយទៅវិញ។ ប៉ុន្តែប្រសិនជាអ្នកចង់ទទួលទាន អ្នកអាចញ៉ាំវាលាយជាមួយនឹងចំណីដែលសម្បូរទៅដោយប្រូតេអ៊ីន និងកាកសសៃដូចជា ឈីសដែលមានជាតិខ្លាញ់ទាប ឬផ្លែប៉ោមស្រស់ៗក៏បាន។

៦.បន្លែចៀន ឬបំពង
ការយកបន្លែមកចៀន ឬបំពងទោះបីជាវាទន់ឬស្រួយ ឆ្ងាញ់ តែវាបែរជាបាត់បង់អាហារបំប៉នសំខាន់ៗអស់រលីង។ ដូច្នេះមានតែការទទួលទានបន្លែស្រស់ៗទៅវិញទេដែលល្អចំពោះសុខភាពនោះ។

៥. ផលិតផលមានជាតិខ្លាញ់ទាប (Fat-free/ Low-fat)
ផលិតផលដែលមានដាក់ថាមានជាតិខ្លាញ់ទាប ឬគ្មានជាតិខ្លាញ់សោះ នោះក៏ដោយសារតែពេលផលិតត្រូវយកបរិមាណជាតិខ្លាញ់ឆ្អែតចេញឱ្យអស់។ តែការធ្វើបែបនេះធ្វើឱ្យផលិតផលទាំងនោះមានរសជាតិមិនសូវឆ្ងាញ់ពិសា។ ដំណោះស្រាយមានតែមួយនោះគេត្រូវបន្ថែមបរិមាណជាតិស្ករឱ្យបានច្រើនដើម្បីបង្កើនរសជាតិជំនួសវិញ។ ដូច្នេះហើយទោះបីជាគ្មានជាតិខ្លាញ់ក៏ពិតមែន តែសារធាតុផ្អែមទាំងនោះនឹងធ្វើឱ្យប៉ះពាល់ដល់សុខភាពរបស់អ្នកជាមិនខាន។

៤. នំស្រួយធ្វើពីអង្ករ
នំស្រួយធ្វើពីអង្ករនិងម្សៅគ្មានជាតិប្រូតេអ៊ីន កាកសសៃហ្វៃបឺជំនួយសុខភាពនោះទេ តែវាបែរជាសម្បូរទៅដោយជាតិស្ករ និងកាឡូរីទៅវិញ។ ដូច្នេះការទទួលទានវាច្រើនពេកនឹងធ្វើឱ្យឡើងជាតិកាឡូរីដែលធ្វើឱ្យធាត់ទាំងមិនដឹងខ្លួន។
៣. ភេសជ្ជៈកីឡា (Sports Drink)
ភេសជ្ជៈកីឡាជំនួយពេលហាត់ត្រូវបានគេនិយមទទួលទានរាល់ពេលលេងកីឡា ឬហាត់ប្រាណជាពិសេសសម្រាប់អ្នកហាត់កីឡាអាជីព (អត្តពលិក) ដែលវាសម្បូរទៅដោយជាតិស្ករ និងជាតិអាឡិចត្រូលីត្រ(អំបិល)ទៅវិញ។ ដូច្នេះប្រសិនជាអ្នកគ្រាន់តែហាត់ប្រាណដើម្បីសុខភាព និងរូបរាងស្អាតធម្មតា មានតែការទទួលទានទឹកធម្មតាទេទើបជាការប្រសើរ។

២. គ្រាប់ធញ្ញជាតិ
ការទទួលទានគ្រាប់ធញ្ញជាតិក្នុងកម្រិតសមល្មមអាចជួយបំបាត់ការស្រេកឃ្លាន និងមានប្រយោជន៍ចំពោះសុខភាពរបស់អ្នកជាច្រើន។ តែការយកគ្រាប់ធញ្ញជាតិមកកែច្នៃជាអាហារផ្សេងៗដោយលាយជាតិអំបិល ស្ករ និងទទួលទានច្រើនពេកបែរជាធ្វើឱ្យអ្នកឡើងជាតិការឡូរីក្នុងខ្លួនទៅវិញ។

១. អាហារសរីរាង្គ និងគ្មានជាតិស្ករ-ម្សៅ (Organic/Gluten-Free)
មនុស្សជាច្រើនចូលចិត្តចំណីអាហារវេចខ្ចប់ដែលដាក់ថាជាអាហារសរីរាង្គ និងគ្មានជាតិស្ករ ឬម្សៅដែលប៉ះពាល់ដល់សុខភាព។ ប៉ុន្តែការពិតទៅចំណីទាំងនោះសម្បូរទៅដោយជាតិស្ករ និងគ្មានសារធាតុបំប៉ននោះទេ លើសពីនេះអាចនឹងចម្រាញ់ចេញពីខ្លាញ់មិនល្អថែមទៀតផង។ ជម្រើសដ៏ល្អមានតែការទទួលទានបន្លែ ផ្លែឈើស្រស់ៗទេទើបល្អសម្រាប់សុខភាពរាងកាយរបស់អ្នក។

សរុបសេចក្តីមក រាល់ចំណីអាហារកែច្នៃសុទ្ធតែអាចធ្វើឱ្យប៉ះពាល់សល់សុខភាពអ្នក និងគ្មានសារធាតុបំប៉នលើសលប់ដូចដែលអ្នកបានដឹងនោះទេ។ មានតែការទទួលចំណីអាហារ ឬបន្លែ ផ្លែឈើបែបធម្មជាតិតែប៉ុណ្ណោះទើបមានប្រយោជន៍ ព្រមទាំងធ្វើឱ្យរាងកាយរបស់អ្នកមានសុខភាពល្អផងដែរ៕
0 comments:
Post a Comment