សម្រស់៖ តើអ្នកធ្លាប់ឆ្ងល់ទេថាថ្នាំអាស្ពៀរីន អាចប្រើបានសម្រាប់អ្វីផ្សេងទៀតក្រៅពីបំបាត់ការឈឺចាប់ និងបំបាត់អាការគ្រុនក្តៅ? ពិតមែនហើយបើមិនមានវេជ្ជបញ្ជានៃការប្រើប្រាស់ថ្នាំត្រឹមត្រូវ តើនរណាដឹងទៅថាប្រើបានសម្រាប់ព្យាបាលអ្វីខ្លះនោះ។
ចំនុចទាំងនេះនឹងធ្វើឲ្យអ្នកភ្ញាក់ផ្អើលមិនខាន ចំពោះការប្រើប្រាស់ដូចខាងក្រោម៖
• ជួយសម្រាលពីការត្រូវសត្វល្អិតខាំ
ថ្នាំអាស្ពៀរីនជួយបន្ថយការរមាស់ និងហើមដែលបណ្តាលមកពីមូសខាំ។
វិធីប្រើ៖ លាយថ្នាំអាស្ពៀរីនជាមួយទឹកសើមៗនៅក្នុងស្លាបព្រាបាយ ហើយយកលាបនៅត្រង់កន្លែងដែលហើម ឬមូសខាំនោះ ២ទៅ៣នាទី។

• កាត់បន្ថយស្នាមខ្មៅលើស្បែក
ថ្នាំអាស្ពៀរីនត្រូវបានគេប្រើជាធាតុផ្សំនៅក្នុងការផលិតឡេលាបខ្លួន ឬសាប៊ូសម្អាតស្បែកផងដែរ។
វិធីប្រើ៖ លាយថ្នាំអាស្ពៀរីន ៧គ្រាប់(ចាក់យកតែថ្នាំខាងក្នុង) យ៉ាអ៊ួ ៣ស្លាបព្រាបាយ និងទឹកឃ្មុំ១ស្លាបព្រា ហើយលាបលើមុខដែលលាងស្អាត។ ទុករយៈពេល១៥នាទីលាងទឹកចេញឲ្យបានស្អាត។ ធ្វើដូចនេះជួយឲ្យស្បែករបស់អ្នករលោង និងជួយកាត់បន្ថយស្នាមរបួស ស្នាមអុចខ្មៅ និងការពារពីការស្ទះរន្ធញើស។
• អាចធ្វើជាផលិតផលសម្រាប់សម្លាប់កោសិកាចាស់
វាជួយកម្ចាត់ជាតិខ្លាញ់ហួសប្រមាណ និងជួយបង្រួមរន្ធញើស។
វិធីប្រើ៖ អ្នកគ្រាន់តែលាយវាក្នុងបរិមាណល្មមជាមួយទឹក ហើយលាបនៅលើផ្ទៃមុខទុករយៈពេល ២ទៅ៣នាទីសម្អាតមុខចេញជាការស្រេច។ ប្រសិនជាអ្នកមានស្បែកមុខងាយប្រតិកម្ម ឬងាយរបកសូមលាបដោយប្រុងប្រយ័ត្ន។
• លប់បំបាត់ស្បែកក្រិននៅលើជើង
វាអាចជួយឲ្យជើងរបស់អ្នកទន់ និងបំបាត់ស្បែកចាស់ចោលបានយ៉ាងងាយ។ ដំបូងត្រូវបំបែកថ្នាំអាស្ពៀរីន៧គ្រាប់ ដាក់លាយជាមួយទឹកក្រូចឆ្មារសំបកលឿងកន្លះស្លាបព្រាបាយ ដើម្បីឲ្យវាមានសភាពស្អិត។ បន្ទាប់មកលាបវានៅលើបាតជើងហើយយកកន្សែងគ្របវាទុករយៈពេល១០នាទី ហើយសម្អាតវាដោយប្រើថ្មខាត់ (Pumice)។

• ជួយព្យាបាលសក់ខូច
អ្នកនឹងទទួលបានអត្ថប្រយោជន៍ពីថ្នាំអាស្ពៀរីន ដោយរំលាយវានៅក្នុងពែងទឹកក្តៅល្មមរួចលាបវាលើសក់ (សម្អាតស្អាត) ហើយទុករយៈពេល ១៥នាទីបន្ទាប់់មកលាងជម្រះឲ្យបានស្អាតជាការស្រេច។

• បំបាត់ស្នាមញើសដែលប្រឡាក់ជាប់សម្លៀកបំពាក់
ដំបូងយកថ្នាំអាស្ពៀរីន រំលាយក្នុងទឹកក្តៅល្មមដោយត្រាំសំលៀកបំពាក់ដែលមានស្នាមញើសទុកចោលមួយយប់ រួចលាងសម្អាតចេញជាធម្មតា។

• បំបាត់កំណកសាប៊ូនៅក្នុងអាងទឹក
បំបាត់យ៉ាងងាយដោយគ្រាន់តែកិនថ្នាំអាស្ពៀរីន ៥គា្រប់បន្ថែមជាមួយនឹងទឹកលាងបន្ទប់ទឹក ហើយបាញ់វាលើផ្ទៃទាំងមូលទុករយៈពេលកន្លះម៉ោង បន្ទាប់មកអ្នកលាងសម្អាតភាពកង្វក់ចេញទាំងអស់បានយ៉ាងងាយ។

• ធ្វើឲ្យផ្កាមានជីវិតយូរ
ជួយធ្វើឲ្យផ្កាដែលកាត់មកនៅតែស្រស់ និងស្អាតល្អ ដោយគ្រាន់តែដាក់ថ្នាំអាស្ពៀរីនទៅក្នុងទឹក។ វិធីនេះពិសេសសម្រាប់ផ្កាកុលាបដែលធ្វើឲ្យពួកវារស់បានយូរ។

• កម្ចាត់អង្គែនៅលើស្បែកក្បាល
ដើម្បីកម្ចាត់អង្គែស្បែកក្បាលគ្រាន់តែយកថ្នាំអាស្ពៀរីន ២គ្រាប់(យកតែកំទេចថ្នាំ) លាយជាមួយសាប៊ូកក់សក់រួចធ្វើការកក់សក់ធម្មតា។

• ជួយកាត់បន្ថយមុន
ថ្នាំអាស្ពៀរីនជួយកាត់បន្ថយការកើតមុនបាន ហើយវិធីប្រើនោះគឺយកថ្នាំអាស្ពៀរីន ២ទៅ៣គ្រាប់(យកតែកំទេចថ្នាំ) ដាក់លាយជាមួយទឹកក្រូចឆ្មារសម្បកលឿង (រកទិញបានតាមផ្សារទំនើប) ហើយលាបវានៅលើមុខ រួចទុករយៈពេល២នាទីមុនពេលលាងសម្អាតចេញជាការស្រេច។ ចៀសវាងការប្រើបា្រស់វិធីនេះមុនពេលចេញទៅត្រូវកម្តៅថ្ងៃ។
ចំណាំ៖ ដោយសារមនុស្សយើងមានប្រភេទស្បែកមុខខុសៗពីគ្នា ហេតុនេះសូមទៅពិគ្រោះ ឬពិនិត្យស្បែកមុខជាមួយអ្នកជំនាញស្បែកមុខ នៅមុនពេលអនុវត្តន៍វិធីទាំងអស់នេះ៕

0 comments:
Post a Comment