loading...
Home » » ជប៉ុន​នឹង​សាងសង់​ស្ថានីយ៍​រ៉ា​ដា​ឆ្មាំ​ឆ្នេរសមុទ្រ​ចំនួន​បួន​ឲ្យ​ហ្វីលីពីន​
​ជប៉ុន ៖ ប្រភពពីរ​បាន​និយាយថា ប្រទេស​ជប៉ុន​នឹង​សាងសង់​ស្ថានីយ៍​រ៉ា​ដា​ឆ្មាំ​ឆ្នេរសមុទ្រ​ចំនួន​៤​នៅ​សមុទ្រ Sulu Celebes ដែល​ពុះ​ចែក​ប្រទេស​ហ្វីលីពីន​និង​ឥណ្ឌូនេស៊ី​ដើម្បី​ជួយ​ដល់ទី​ក្រុង​ម៉ានីល​ប្រឆាំងនឹង​ការកើនឡើង​នៃ​ការ​លួច​ប្លន់​តាម​សមុទ្រ​ដោយ​ក្រុម​បះបោរ​ឥស្លាម​។​
​ប្រភព​នេះ​បាន​និយាយថា កិច្ចព្រមព្រៀង​មួយ​ដើម្បី​ផ្តល់​មូលនិធិ​និង​ផ្តល់​ការបណ្តុះបណ្តាល​ដល់​បុគ្គលិក​ឆ្មាំ​ឆ្នេរសមុទ្រ​ក្នុង​តំបន់​គឺអាច​ត្រូវបាន​ចុះហត្ថលេខា​នៅ​ដើម​សប្តាហ៍​ក្រោយ​ដោយ​នាយករដ្ឋមន្ត្រី​ជប៉ុន​និង​ប្រធានាធិបតី​ហ្វីលីពីន​លោក Rodrigo Duterte ក្នុង​ទីក្រុង​ម៉ានីល​។​
​មនុស្ស​ម្នាក់​ដែល​ដឹង​អំពី​ផែនការ​នេះ​បាន​និយាយថា “​សមុទ្រ​នៅក្នុង​តំបន់​នោះ​គឺជា​ផ្លូវទឹក​ដ៏​សំខាន់​សម្រាប់​នាវា​ពាណិជ្ជកម្ម​ដែល​ធ្វើដំណើរ​ទៅកាន់​កំពង់ផែ​ជប៉ុន​”​។ ប្រភព​នេះ​បានស្នើ​សុំ​មិន​បញ្ចេញ​ឈ្មោះ​ពីព្រោះ​ពួកគេ​មិនត្រូវ​បានអនុញ្ញាត​ឲ្យ​និយាយ​ជាមួយ​ប្រព័ន្ធ​ផ្សព្វផ្សាយ​។​
​យោងតាម​កិច្ចព្រមព្រៀង​សហប្រតិបត្តិការ​ក្នុង​តំបន់​ស្តីពី​ការប្រយុទ្ធ​ប្រឆាំងនឹង​ការ​លួច​ប្លន់​តាម​សមុទ្រ​និង​ការ​លួច​ប្រដាប់អាវុធ​ប្រឆាំងនឹង​នាវា​នៅ​ទ្វីបអាស៊ី (ReCAAP) បាន​ឲ្យ​ដឹងថា ក្នុងចំណោម​ការ​លួច​ប្លន់​តាម​សមុទ្រ​ចំនួន​៣០​ករណី​នៅ​ពាក់កណ្តាល​ឆ្នាំ​២០១៧​នេះ​, មាន​ប្រាំមួយ​ករណី​ពាក់ព័ន្ធ​នឹង​ការប្រើប្រាស់​កាំភ្លើង​ដែល​ក្នុងនោះ​មាន​នាវិក​៣​នាក់​ត្រូវបាន​ចាប់ខ្លួន​ពី​នាវា​ដែល​កំពុងដំណើរការ​នៅ​សមុទ្រ Sulu Celebes ។ ការប៉ុនប៉ង​ចាប់​ជម្រិត​បួន​លើក​នៅក្នុង​ដែនទឹក​នេះ​ក៏​ត្រូវបាន​គេ​ចុះបញ្ជី​ផងដែរ​។​
​ប្រភព​បាន​និយាយថា ប្រទេស​ជប៉ុន​នឹង​ផ្តល់​មូលនិធិ​សម្រាប់​ការសាងសង់​ស្ថានីយ៍​រ៉ា​ដា​តាមរយៈ​កញ្ចប់​ថវិកា​ជំនួយ​អភិវឌ្ឍន៍​ក្រៅប្រទេស (ODA) របស់ខ្លួន​។​
​មន្ត្រី​ម្នា​ក់នៅ​ក្រសួងការបរទេស​ជប៉ុន​ដែល​មើល​ការខុសត្រូវ​ការចំណាយ​ថវិកា​របស់ ODA នៅក្រៅ​ប្រទេស​បាន​និយាយថា “​ជប៉ុន​ដឹង​ពី​តម្រូវការ​ដើម្បី​ប្រឆាំងនឹង​អំពើចោរកម្ម​តាម​សមុទ្រ​នៅក្នុង​តំបន់​ហើយ​មានបំណង​ជួយ​ប៉ុន្តែ​យើង​មិនអាច​ពិភាក្សា​គម្រោង​នីមួយៗ​បានទេ​”​។​
​គួរ​បញ្ជាក់ថា ស្ថានីយ៍​រ៉ា​ដា​នេះ​គឺជា​ផ្នែក​មួយ​នៃ​កញ្ចប់​ជំនួយ​ធំៗ​ដែល​រួមមាន​ផ្នែក​ឧទ្ធម្ភាគចក្រ​សម្រាប់​យោធា​ហ្វីលីពីន ការផ្តល់​ហិរញ្ញប្បទាន​សម្រាប់​គម្រោង​ហេដ្ឋារចនាសម្ព័ន្ធ​ដូចជា​ផ្លូវដែក​និង​ជួយ​កសាង​ឡើងវិញ​នូវ​ទីក្រុង​ម៉ា​រ៉ាវី​ភាគខាងត្បូង​ដែល​បាន​ហែកហួរ​ដោយ​ជម្លោះ​បន្ទាប់ពី​ប្រតិបត្តិការ​យោធា​រយៈពេល​ប្រាំ​ខែ​ប្រឆាំងនឹង​ពួក​ឧទ្ទាម​រដ្ឋ​ឥស្លាម​៕

Share this video :

0 comments:

Post a Comment

 
Copyright © 2017. Khmer24 - All Rights Reserved

Proudly powered by Blogger