តួអង្គ Diana ក្នុងរឿង Wonder Woman នាង Gal Gadot និយាយថានឹងមិនចុះកុងត្រាថតរឿង Wonder Woman វគ្គ ២ នោះទេដរាបនៅតែមានវត្តមានផលិតករ Bret Ratner ដែលត្រូវបានគេចោទថាបៀតបៀនផ្លូវភេទនោះ។
ផលិតករវ័យ ៤៨ ឆ្នាំលោក Bret Ratner បានជួយផលិតរឿង Wonder Woman ក្នុងនាមជាដៃគូផលិតជាមួយផលិតកម្មភាពយន្ត Warner Bros ដែលរកចំណូលច្រើនជាង ៤០០ លានដុល្លារទូទាំងពិភពលោកជួយឱ្យផលិតកររូបនេះរកចំណូលបានរាប់លានដុល្លារ។ ដោយឡែកតារាសម្ដែងអ៊ីស្រាអែលវ័យ ៣២ ឆ្នាំ Gal Gadot ធ្លាប់និយាយកាលពីមុនថា ការបៀតបៀនផ្លូវភេទក្នុងរូបភាពណាមួយគឺមិនត្រូវបានលើកលែងនោះទេ និងប្រឆាំងដាច់ខាតចំពោះបុគ្គលយាយីផ្លូវភេទអ្នកដទៃ។

គួរបញ្ជាក់ថា Bret Ratner ត្រូវបានចោទប្រកាន់ពីបទយាយីផ្លូវភេទពីសំណាក់តារាសម្ដែងអាមេរិកនាង Olivia Munn និងតារាសម្តែងកាណាដានាង Natasha Henstridge។ ពាក់ព័ន្ធនឹងរឿងមិនព្រមសម្ដែងរបស់ Gal Gadot វានឹងក្លាយជារឿងឈឺក្បាលសម្រាប់ផលិតកម្ម Warner Bros ក្នុងការរក្សាចំណងមិត្តភាពរវាង Gal Gadot និង Bret Ratner ដើម្បីរៀបចំផលិតរឿង Wonder Woman 2 ស្របពេលដែលអ្នកគាំទ្ររឿងនេះរង់ចាំទស្សនាយ៉ាងអន្ទះសា៕
ប្រភព៖ Times of India
0 comments:
Post a Comment