ខេត្តបន្ទាយមានជ័យ ៖ មានករណីគ្រោះថ្នាក់ចរាចរណ៍មួយបានកើតឡើងរវាងម៉ូតូបើកទៅបុកពីក្រោយរថយន្តដឹកថ្មពេញទំហឹងបណ្តាលឲ្យអ្នកបើកម៉ូតូរងរបួសធ្ងន់នៅវេលាម៉ោង៧យប់ នៅថ្ងៃទី១៣ ខែវិច្ឆិកា ឆ្នាំ២០១៧ នៅលើកំណាត់ផ្លូវជាតិលេខ៥៦ ស្ថិតក្នុងភូមិគោករការ ឃុំតាបែន ស្រុកស្វាយចេក ខេត្តបន្ទាយមានជ័យ ។
លោកវរសេនីយ៍ទោ ជ័យ សុកា មេបញ្ជាការមូលដ្ឋានកងរាជអាវុធហត្ថស្រុកស្វាយចេកបានប្រាប់ឲ្យដឹងថាជនរងគ្រោះមានឈ្មោះស៊ី ឡង់ឌី ភេទប្រុស អាយុ២៣ឆ្នាំ រស់នៅភូមិរលួស ឃុំរលួស ស្រុកស្វាយចេក ខេត្តបន្ទាយមានជ័យ ។លោកជ័យសុកាបានបញ្ជាក់ឲ្យដឹងទៀតថានៅមុនពេលកើតហេតុនោះមានម៉ូតូម៉ាកហុងដាឌ្រីម C១២៥ ពណ៌ខ្មៅ សេរី២០១៥ ពាក់ស្លាកលេខ បន្ទាយមានជ័យ ១J-៦៧៧៤បើកក្នុងទិសដៅស្របគ្នាពីត្បូងទៅជើងក្នុងល្បឿនលឿន ពេលមកដល់ចំណុចកើតហេតុខាងលើស្រាប់តែបើកទៅបុករថយន្តដឹកថ្មពីក្រោយពេញទំហឹងបណ្តាលឲ្យអ្នកបើកម៉ូតូរងរបួសធ្ងន់។
លោក ជ័យ សុកា បានបញ្ជាក់ឲ្យដឹងទៀតថាក្រោយពីកើតហេតុរួចអ្នកបើករថយន្តមិនស្គាល់អត្តសញ្ញាណបានបើករត់គេចខ្លួនបាត់ ចំណែកជនរងគ្រោះត្រូវបានប្រជាពលរដ្ឋនៅទីនោះជួយដឹកបញ្ជូនទៅសម្រាកព្យាបាលនៅមន្ទីរពេទ្យមិត្តភាព កម្ពុជា-ជប៉ុន ស្រុកមង្គលបូរីចំណែកម៉ូតូនិងរថយន្តត្រូវបានសមត្ថកិច្ចយកមករក្សាទុកនៅអធិការដ្ឋាននគរបាលស្រុកស្វាយចេកដើម្បីដោះស្រាយនៅពេលក្រោយ៕

0 comments:
Post a Comment